ក្រោយរង់ចាំជិត២០ឆ្នាំ ពលរដ្ឋរាប់ពាន់គ្រួសារនៅបាត់ដំបង អាចបើករ៉ូប៊ីណេទឹកស្អាតប្រើបាន
អស់រយៈពេលជិតពីរទសវត្សរ៍ អ្នកស្រី សៀក អ៊ីម បានទទួលបន្ទុកចំណាយលើទឹកប្រើប្រាស់ ក្នុងលក្ខណៈដែលគ្រួសារជាច្រើននៅតំបន់ជាយក្រុងមិនសូវបានគិតដល់ទៀតឡើយ។
រស់នៅភូមិច្រាបក្រសាំង ឃុំវត្តគរ ស្រុកបាត់ដំបង អ្នកស្រី និងអ្នកភូមិដទៃទៀត ពឹងផ្អែកលើទឹកដឹកតាមឡាន ដោយបង់ប្រាក់ ១ម៉ឺនរៀលក្នុងមួយឡាន។
ក្នុងមួយខែ គ្រួសាររបស់អ្នកស្រីប្រើប្រហែល ៤ឡាន សម្រាប់ដាំបាយ ងូតទឹក បោកខោអាវ និងប្រើប្រាស់ប្រចាំថ្ងៃ សរុបចំណាយប្រមាណ ៤ម៉ឺនរៀល មិនទាន់រាប់បញ្ចូលទឹកបរិសុទ្ធសម្រាប់ផឹកផងដែរ។
ឥឡូវនេះ បន្ទាប់ពីរស់នៅគ្មានបណ្ដាញទឹកស្អាតអស់ជិត២០ឆ្នាំ ទឹកស្អាតបានហូរចូលផ្ទះតាមរ៉ូប៊ីណេជាលើកដំបូង។
អ្នកស្រីវ័យ ៤៨ឆ្នាំ បាននិយាយទាំងសំណើច នៅពេលលោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចុះទៅទស្សនកិច្ចថា៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ពេលបានទឹកស្អាតតម្លៃថោកប្រើ»។
សម្រាប់គ្រួសារដូចអ្នកស្រី ការផ្លាស់ប្តូរនេះ មិនត្រឹមផ្ដល់ការងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ធូរបន្ថយបន្ទុកសេដ្ឋកិច្ច និងការពារសុខភាពសាធារណៈផងដែរ។
អ្នកស្រី ធូក ម៉ាឡា អាយុ ៣៣ឆ្នាំ ម្តាយកូនពីរនាក់ ដែលរស់នៅភូមិដូចគ្នា បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រីបានប្រើទឹកពីបណ្ដាញថ្មីនេះបានពីរបីថ្ងៃហើយ។
អ្នកស្រីថា៖ «វាថ្លាស្អាតណាស់ ខុសពីទឹកឡានដែលកកក្រហម ប្រើមិនសូវងាយស្រួល ហើយថ្លៃជាង។ យើងនៅតែទិញទឹកបរិសុទ្ធធុងចំណុះ ២០លីត្រ សម្រាប់ទទួលទាន ប៉ុន្តែជីវភាពប្រចាំថ្ងៃកាន់តែងាយស្រួលជាងមុន»។
ភូមិរបស់ពួកគេ គឺជាផ្នែកមួយនៃតំបន់ទទួលអត្ថប្រយោជន៍ពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា ដែលស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត (PWSSP) គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំមួយ មានថវិកាសរុប ១០៤,០៨លានដុល្លារ។
គម្រោងនេះត្រូវបានអនុម័តនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ដោយមានឥណទានពី ADB ចំនួន ៥០លានដុល្លារ ហិរញ្ញប្បទានរួមពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ចំនួន ៤៣,៥៤លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ១០,៥៤លានដុល្លារ។
គម្រោងនេះអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគ្រោងបិទគម្រោងសម្រាប់ ADB នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងសម្រាប់ AFD នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតកំពង់សីមា នៅខេត្តបាត់ដំបង គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យប្រកបដោយចីរភាព សម្រាប់ខេត្តបាត់ដំបង សៀមរាប និងកំពង់ចាម។
សម្រាប់ផ្នែកខេត្តបាត់ដំបង គម្រោងតម្លៃប្រមាណ ៣១,៧លានដុល្លារ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បើកការដ្ឋានថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់សាងសង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
គម្រោងរួមមាន ស្ថានីយបូមទឹកសមត្ថភាព ៥៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតសមត្ថភាព ៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្ដាញបំពង់បញ្ជូន និងចែកចាយទឹកសរុបជាង ៩៥គីឡូម៉ែត្រ។
ក្រោយបញ្ចប់គម្រោង សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកបាត់ដំបង បានកើនពី ៣៣,៥២០ ម៉ែត្រគូបក្នុងមួយថ្ងៃ ក្នុងឆ្នាំ២០២៥ ទៅដល់ ៨៣,៥២០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
អត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្មត្រូវបានរំពឹងថា នឹងកើនពី ៨៨ភាគរយ ទៅ ៩៤ភាគរយ ខណៈអត្រាប្រជាជនទទួលបានទឹកស្អាតកើនពី ៨៣ភាគរយ ទៅ ៨៩ភាគរយ។
គ្រួសារថ្មីប្រមាណ ៧,០០០ គ្រួសារ នឹងទទួលបានទឹកស្អាតបន្ថែម ធ្វើឱ្យចំនួនប្រជាជនទទួលសេវាកម្មកើនលើស ២១៩,៨១០ នាក់។
លោក ហ៊ុល បុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា បណ្ដាញទឹកស្អាតដែលបានពង្រីក នឹងជួយពង្រឹងសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងគាំទ្រការអភិវឌ្ឍសកម្មភាពឧស្សាហកម្មដែលមានសក្ដានុពលនៅខេត្តបាត់ដំបង ជាពិសេសវិស័យកសិឧស្សាហកម្ម។
លោកបានឱ្យដឹងថា បើយោងតាមការព្យាករ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតថ្មី អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋគោលដៅរហូតដល់ឆ្នាំ២០៤០។
លោកបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណា យើងនឹងតាមដានយ៉ាងជិតស្និទ្ធ នៅពេលផលិតពេញសមត្ថភាព ព្រោះការកែលម្អការផ្គត់ផ្គង់ទឹកស្អាត អាចជំរុញកំណើនតម្រូវការយ៉ាងឆាប់រហ័ស រួមទាំងសកម្មភាពឧស្សាហកម្មដែលកំពុងពង្រីក។ យើងនឹងវាយតម្លៃឡើងវិញក្នុងរយៈពេល៦ខែ ឬមួយឆ្នាំ»។
លោកបន្ថែមថា ប្រសិនបើតម្រូវការកើនឡើងបន្ត ទីតាំងផលិតអាចពង្រីកសមត្ថភាពបន្ថែមពី ២ម៉ឺន ទៅ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
លោកស្រី ស៊ីឌីគី បានលើកឡើងថា គម្រោងនេះ មិនត្រឹមតែពង្រីកការតភ្ជាប់បណ្ដាញទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រសើរឡើងនូវភាពជឿជាក់នៃការផ្គត់ផ្គង់សម្រាប់អតិថិជនដែលមានស្រាប់។
បច្ចុប្បន្ន មានប្រហែល ៤ម៉ឺនគ្រួសារ បានភ្ជាប់បណ្ដាញរួចហើយ ហើយគម្រោងនេះមានគោលដៅពង្រឹងសម្ពាធទឹក និងធានាការផ្គត់ផ្គង់ ២៤ម៉ោងក្នុងមួយថ្ងៃ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត គម្រោងនេះក៏គាំទ្រការគ្រប់គ្រងទឹកកខ្វក់ រួមមានរោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់សមត្ថភាព ១២,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅបាត់ដំបង និងបណ្ដាញលូធំថ្មីនៅសៀមរាប ដើម្បីកាត់បន្ថយការបំពុលទន្លេសង្កែ និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
សម្រាប់អ្នកស្រី សៀក អ៊ីម ការបើករ៉ូប៊ីណេទឹកប្រើប្រាស់ពេលនេះ មិនចាំបាច់បារម្ភអំពីកាលវិភាគឡានដឹកទឹក ឬគណនាចំនួនឡានក្នុងមួយខែទៀតឡើយ។
បន្ទាប់ពីរង់ចាំអស់២០ឆ្នាំ ទឹកស្អាតហូរចេញពីរ៉ូប៊ីណេដោយចុចតែប៊ូតុងតូចមួយ ប៉ុន្តែវាសញ្ញាបង្ហាញពីការផ្លាស់ប្តូរធំមួយសម្រាប់គ្រួសាររាប់ពាន់នៅទូទាំងខេត្តបាត់ដំបង៕

0 Comments