google Ads

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន ៣០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

ការបង្ក្រាបការឆបោកតាមអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី១៧ វិច្ឆិកា ២០២៥។ គ.ប.ឆ.ប.
ជនសង្ស័យវៀតណាម​ចំនួន ៣០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែងក្រោមការសង្ស័យថា មានការលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ប្រតបត្តិការស្ថិត​ធ្វើឡើងនៅផ្ទះល្វែងលេខ F23 ក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅសង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅ​ថ្ងៃទី១៧ ខែ​វិច្ឆិកា។​សមត្ថកិច្ចបានដកហូតសម្ភារៈជាវត្ថុតាង រួមមាន កុំព្យូទ័រលើតុ​ចំនួន ១២៥គ្រឿង, កុំព្យូទ័រយួរដៃចំនួន ២គ្រឿង, ទូរស័ព្ទចំនួន ៧គ្រឿង, Monitor ចំនួន ១៥គ្រឿង និងទូ ទូរសព្ទ(Call Center) ចំនួន ១៦ទូ, លិខិតឆ្លងដែនចំនួន ៦ក្បាល។

ប្រតិបត្តិការនេះ​ធ្វើ​ឡើង​ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពខេត្តខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត។

គ.ប.ឆ.ប. បាន​បញ្ជាក់​ថា៖ «ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១ នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាព លួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធីដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ»។

សមត្ថកិច្ច​កំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត​ដើម្បីឈានទៅចាត់វិធានការ​ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

យោង​តាម គ.ប.ឆ.ប. ជនសង្ស័យ​ទាំង ៣០​ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕

Post a Comment

0 Comments