សមត្ថកិច្ចកំពុងតាមចាប់ជនជាប់ឃុំ៥នាក់ទៀតដែលរត់គេចក្នុងការបាញ់រំដោះខ្លួននៅតុលាការខេត្តស្វាយរៀង
ក្រោយចាប់បានជនជាប់ឃុំជនជាតិវៀតណាមម្នាក់ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនជាប់ឃុំចំនួន៥នាក់ និងបក្សពួកផ្សេងទៀត ដែលរំដោះខ្លួនចេញពីតុលាការខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារនៅថ្ងៃទី១៨ វិច្ឆិកានេះបានឱ្យដឹងថា ក្រោយពេលជនជាប់ឃុំ ៦នាក់បានរត់គេចខ្លួនចេញពីបរិវេណតុលាការខេត្តស្វាយរៀង សមត្ថកិច្ចចាប់ខ្លួនជនជាតិវៀតណាមបានមកវិញ០១នាក់ ឈ្មោះ ឡេ ទាំងវិនហ្លួង ភេទប្រុស និងរថយន្តមួយគ្រឿងដែលជាមធ្យោបាយធ្វើដំណើរសម្រាប់រត់គេចខ្លួន នៅវេលាម៉ោងប្រមាណ១០:៣៦នាទី។
បច្ចុប្បន្ន សមត្ថកិច្ចចម្រុះកំពុងប្រតិបត្តិការតាមចាប់ខ្លួនជនជាប់ឃុំចំនួន ៥នាក់ទៀតរួមទាំងបក្សពួកផ្សេងទៀតដែលមករំដោះ ជនជាប់ឃុំចេញពីតុលាការខេត្ត។
បើតាមកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបាននាំក្រុមជនជាប់ឃុំមកកាន់តុលាការខេត្តស្វាយរៀង នៅវេលាម៉ោងប្រមាណ ៨:៥៣នាទីព្រឹក បន្ទាប់មកក្រុមជនជាប់ឃុំ បានដើរចុះពីរថយន្តរបស់អគ្គនាយកដ្ឋានពន្ធធាគារខេត្តស្វាយរៀងដើរសំដៅទៅកាន់នារីម្នាក់ រួចនារីដែលជាបក្ខពួកម្នាក់នោះ បានដកកាំភ្លើងឱ្យក្រុមជនជាប់ឃុំ។ ពេលនោះពួកគេបានធ្វើសកម្មភាពបាញ់គំរាមលើសមត្ថកិច្ច ហើយនាំគ្នារួចឡើងរថយន្តគេចខ្លួន ក្នុងនោះសមត្ថកិច្ចក៏បាញ់តបតជាមួយក្រុមឧក្រិដ្ឋជនដែលទៅរំដោះអ្នកទោសផងដែរ។
លុះក្រោយមក សមត្ថកិច្ចខេត្តស្វាយរៀងក៏បានស្ទាក់ចាប់បានឧក្រិដ្ឋជនរំដោះអ្នកទោសចេញពីតុលាការខេត្តស្វាយរៀងបានម្នាក់ នៅពេលរថយន្តដែលធ្វើសកម្មភាពរំដោះអ្នកទោស បានបើកធ្លាក់ផ្លូវចូលប្រឡាយទឹក៕

0 Comments