ម្ចាស់មន្ទីរសម្រាកព្យាបាលសុងហាក់ម៉ារីណាជាប់ពន្ធគារ៥ឆ្នាំករណីចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់រួចយកសាកសពបោះចោល
ស្ត្រីជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ដែលបានចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់ ហើយយកសាកសពទៅបោះចោល ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ៥ឆ្នាំ រីឯប្ដីត្រូវបានផ្ដន្ទាទោស ១ឆ្នាំ។
សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៧ ខែវិច្ឆិកា បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស៊ុន ម៉ារីណា អាយុ ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ និងផាកពិន័យ ៨លានរៀលចូលថវិការដ្ឋ ពាក់ព័ន្ធនឹងការចាក់ថ្នាក់បណ្ដាលឲ្យអ្នកជំងឺស្លាប់នៅមន្ទីរសម្រាកព្យាបាលនិងសម្ភពសុងហាក់ម៉ារីណា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមអ្នកនាំពាក្យតុលាការខេត្តតាកែវ ជនជាប់ចោទឈ្មោះ ស៊ុន ម៉ារីណា ត្រូវបានកាត់ទោសក្នុងបទចោទចំនួន ៤ ដែលពាក់ព័នឹងករណី មនុស្សឃាតដោយអចេតនា, ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណ, លាក់បំបាំង សាកសព, ទារុណកម្ម និងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
ចំណែកជនជាប់ចោទ ឈ្មោះ ហៀង សុងហាក់ អាយុ ៣៧ឆ្នាំ ដែលជាប្ដី ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ចូលថវិការដ្ឋ ពាក់ព័ន្ធនឹងករណី ប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល បណ្តាលឱ្យស្លាប់អ្នកជំងឺ។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ត្រីអ្នកជំងឺម្នាក់ឈ្មោះ ណាំ ចន្ធូ អាយុ៤១ឆ្នាំ បានទទួលការព្យាបាលនៅមន្ទីរសម្រាកព្យាបាលនេះ ដោយនាំក្មួយស្រីអាយុ ៣ឆ្នាំម្នាក់ទៅជាមួយ។ ប៉ុន្តែ អ្នកជំងឺបានប្រតិកម្មថ្នាំរហូតដល់ស្លាប់។ ម្ចាស់ទីតាំងខាងលើដែលបើកដំណើរការរាប់ឆ្នាំដោយគ្មានច្បាប់អនុញ្ញាត បានយកសាកសពនិងក្មេងស្រីទៅបោះចោលនៅក្នុងគុម្ពោតព្រៃ។
ក្រោយមកសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលបញ្ជូលទៅតុលាការ ខណៈដែលទីតាំងនេះត្រូវបានក្រសួងសុខាភិបាលបិទមិនឲ្យដំណើរការ៕

0 Comments