ទឹកប្រាក់នៃការនាំចូលទំនិញពីប្រទេសចិនបានហក់ឡើងជាង ៣០%
ចំនួនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការនាំចូលទំនិញពីប្រទេសចិន នៅក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៥ មានប្រមាណជាង ១៤ ពាន់លានដុល្លារ ដែលចំនួននេះស្មើនឹងជាងពាក់កណ្តាលនៃទឹកប្រាក់សរុបដែលកម្ពុជាបានបញ្ចេញសម្រាប់ការនាំទំនិញពីបណ្តាប្រទេសដៃគូពាណិជ្ជកម្មទាំងអស់។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ឱ្យដឹងថា ចន្លោះពីខែមករា-តុលា ឆ្នាំ២០២៥ ការផ្លាស់ប្តូរទំនិញរវាងប្រទេសកម្ពុជា-ចិន មានទឹកប្រាក់សរុប ១៥,៩៥ ពាន់លានដុល្លារ កើនឡើង ២៨,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមាន ១២,៣៨ ពាន់លានដុល្លារ។ ក្នុងចំនួននេះ គឺកម្ពុជានាំទៅចិន ១,៣៣ ពាន់លានដុល្លារ ថយចុះ ៦,៦% ចំណែកទំនិញចិននាំចូលមកវិញ ១៤,៦២ ពាន់លានដុល្លារ កើនឡើងរហូតដល់ ៣៣,៥%។
ចំនួននេះបានធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជាមានអតុល្យភាពប្រមាណ ១៣,២៨ ពាន់លានដុល្លារ កើនពី ៩,៥២ ពាន់លានដុល្លារកាលពីរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ផ្អែកតាម GDCE គឺទឹកប្រាក់ដែលកម្ពុជាបញ្ចេញទៅលើការនាំចូលទំនិញពីប្រទេសចិនមានចំណែកស្មើនឹង ៥២,៩% នៃចំនួនទឹកប្រាក់សរុបដែលកម្ពុជាបញ្ចេញទៅលើការនាំចូលទំនិញពីប្រទេសនានា ដែលមានចំនួន ២៧,៦៣ ពាន់លានដុល្លារ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ថា ទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជា-ចិន កត្តាទីតាំងភូមិសាស្រ្ត និងទីផ្សារ បានធ្វើឱ្យទឹកប្រាក់នៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់។ លោកបន្តថា បច្ចុប្បន្នប្រទេសចិនត្រូវបានគេដឹងថាជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំនៅលើពិភពលោក គឺមិនមែនសម្រាប់តែប្រទេសកម្ពុជានោះទេ។
លោកនិយាយទៀតថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍កម្ពុជានឹងបន្តនាំចូលទំនិញពីប្រទេសចិនកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត។
លោកបញ្ជាក់ថា៖«ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំដែលមានគុណភាព និងតម្លៃសមរម្យ ប្រទេសចិននឹងនៅតែបន្តជាប្រភពនាំចូលទំនិញសំខាន់សម្រាប់កម្ពុជា»។
សម្រាប់អតុល្យភាពនៃជញ្ជីងពាណិជ្ជកម្ម អ្នកជំនាញសេដ្ឋកិច្ចរូបនេះអះអាងថា វាមិនមែនជារឿងត្រូវបារម្ភនោះទេ ព្រោះភាគច្រើននៃទំនិញដែលនាំចូលពីប្រទេសចិន គឺត្រូវបានរោងចក្រ/សហគ្រាសនៅកម្ពុជាយកទៅកែច្នៃបន្ត ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ CDC បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី ដែលដឹកនាំដោយ លោក CHEN Jun អនុប្រធានប្រតិបត្តិ និងជាអគ្គលេខាធិការនៃសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចចិន-អាស៊ី។
ជំនួបនេះផ្តោតសំខាន់លើការសិក្សាពិនិត្យលទ្ធភាពក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងក្របខណ្ឌតំបន់អាស៊ី។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍ចំពោះគណៈប្រតិភូចិនដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានប្រាប់ភាគីចិនពីឱកាសវិនិយោគដ៏ទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍, ការវិនិយោគឯកជន, និងតំបន់សេដ្ឋកិច្ចពិសេស(SEZs)។
ជាការឆ្លើយតប លោក CHEN Jun បានបង្ហាញនូវឆន្ទៈក្នុងការជំរុញ និងនាំយកក្រុមហ៊ុនជាសមាជិកដែលមានសក្តានុពលខ្ពស់ផ្នែកបច្ចេកវិទ្យា និងឧស្សាហកម្មកែច្នៃនានា មកសិក្សាពិនិត្យលទ្ធភាព និងស្វែងរកឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
ទិន្នន័យរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការនាំចូលនាំចេញទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប ១៥,១៩ ពាន់លានដុល្លារ កើន ២៣,៨%បើធៀបនឹងឆ្នាំ២០២៣។ ក្នុងចំនួននេះ គឺទំនិញចិននាំមកកម្ពុជា មានចំនួន ១៣,៤៤ ពាន់លានដុល្លារ កើនឡើង ២៤,៦% ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៧៥ ពាន់លានដុល្លារ កើន ១៨,៤%៕

0 Comments